ប្រវត្តិរបស់លោកតា ស៊ីន ស៊ីសាមុត
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ
នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។
លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។
លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី
១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក
ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត
គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច
សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក
និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក
សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ ។
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាពរបស់លោក
ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត
ដូចជា លោក អ៊ឹម-សុងសឺម និង
អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ
លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។
កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ
ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក ម៉ា-ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ
១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប
ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម ។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត
ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ
តាមរយៈបទអាកាសយាន ។
អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២
នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤
នាក់ (ប្រុស ២ ស្រី ២) របស់លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ លោកឪពុករបស់លោក ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង ។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ
ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន
២ នាក់ទៀត ។
លោក ស៊ីន-ស៊ីសាមុត
បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ ។ លោកជាក្មេងល្អ
និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់ ។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ
៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី ។ ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា ។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ
និងចេះអាណិតអាសូរអ្នកដទៃ ។
គេនិយាយថា
លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់
និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ ។ លោកមាននិស្ស័យនឹងព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និងបង្ហោះខ្លែង ។ ចំពោះការបរិភោគ
ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូប
ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ ១៩៥១
ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក ។
ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ
លោកនៅអាចឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ ។ ក្នុងកំលុងពេលនោះ
លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក
គ្រប់គ្រាន់ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោក
ដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង ។ ដោយមានការគាំទ្រពីមិត្តភក្ដិ ដូចកាលពីនៅបឋមសិក្សាឋានដែរ
លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា
ជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលា ។ នៅឆ្នាំដដែលនោះ
លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩ នាក់ ។ មិនយូរប៉ុន្មានក្រោយមក
ក្រុមតន្ត្រីរបស់លោក
ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ
១៩៥៣ ក្រុមតន្ត្រីរបស់លោក
ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ
ឈ្មោះ រាជសីហ៍ ។
ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ
លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយ ៗ
លោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេង ៗ ។ ជាអកុសល មាតាបិតារបស់លោក
មិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ ។ មាតាបិតារបស់លោក
ចង់ឲ្យលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថា
ចម្រៀងនឹងរំខានដល់ការសិក្សារបស់លោក ។ ប៉ុន្តែ វាសនាបានចារថា លោក ស៊ីន-ស៊ីសាមុត
ត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារយ៉ាងណាក៏ដោយ ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣
លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ ។
លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់
និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត
និពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន ។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច
ដោយឆ្លុះបញ្ចាំងអំពីស្នេហា សុភមង្គល ឈឺចាប់ និងស្រមើស្រមៃ ។ ទេពកោសល្យសិល្បៈ
របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក ។ គេនិយាយថា
លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣ ដោយគ្រាន់តែចង់មើល តើពាក្យមួយសរសេរត្រឹមត្រូវឬអត់
ក្នុងភាសាខ្មែរសំស្ក្រឹត និងបាលី ។
ចម្រៀងភាគច្រើនរបស់លោក
ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់ ។ មិត្តអ្នកស្ដាប់
តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយ
និងឈឺចាប់ សម្រាប់ឲ្យលោក ស៊ីន-ស៊ីសាមុត និពន្ធចម្រៀង
ដោយផ្អែកលើរឿងពិតនេះ ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក
ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក ។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់
គឺច្បាស់ ៗ មួយ ៗ ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ
ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន
មិនភ្លាត់មិនភ្លាវ ហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយ ៗ ប្លែក ៗ គ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក
គឺ ណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ
ឬមួយឃ្លាណាឡើយ ។ សូរសព្ទសំនៀង
ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ
ហើយអ៊ឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ
។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក
ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះរបស់លោក
បានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបនៅដើមទសវត្សរ៍ ៥០
លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ-ម៉ាត់ ដែរ ដើម្បីសម្តែងក្នុងពិធីគារវកិច្ច
ក៏ដូចជាលៀងសាយភោជន៍ផ្សេង ៗ ។
លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ ១៩៧០ ។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរ
ដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ៥០
បទវីយ៉ូឡុងស្នេហា ដែលនិពន្ធដោយតន្រ្តីករវីយ៉ូឡុង ហាស់-សាឡន បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ ។ បទចម្រៀងល្បី ៗ របស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះ មាន បទ
ស្រីស្រស់ក្មេង បទ អនុស្សាវរីយ៍ភ្នំក្រវាញ បទ ចុងស្រល់ បទ ថ្ងៃដប់ពីរធ្នូ
បទ កាកី បទ កង្រី បទ ថ្ងៃមួយកក្កដា បទ សម្រស់ឆ្នេរកែប បទ ស្ទឹងពោធិ៍សាត់ និង
បទ ព្រែកឯងអស់សង្ឃឹម ជាដើម ។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍
៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត
ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង
បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ
១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង
នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ
ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។
លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។
នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០
លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន
រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស
ដឹកនាំថតដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។
បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី ឌី-សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា
អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។
បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត
នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧
ជាមួយនឹងបទស្ទឹងខៀវ។
សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក
ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍ ៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត
បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។
ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥
ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។
ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។
ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង
ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ
មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ
មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច
ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ
លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន
តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ
ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់
ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន
ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។
លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២
លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥
លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០
លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ
ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។
លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ
រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។
នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់
លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។
នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។
លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។
នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥
លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។
លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍
និង គ្រួសារ
លោកស៊ីន-ស៊ីសាមុត
មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។
ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។
ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក
តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន
ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។
ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។
ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ
ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ
ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម
ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ
គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម
និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។
ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។
ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម
លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។
លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា
អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ
ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង
ចំណង់ចំណូលចិត្ត
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។
ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។
ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ
ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។
លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា
មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។
ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង
រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។
តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។
ក្នុងការត្រិះរិះឬក្នុងការសរសេរ
លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ
ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។
រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថាលោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។
លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។
លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។
ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។
ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។
គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។
លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។
ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។
លោកមិនដែលទទួលទានស្រាឬភេសជ្ជៈម្ទេស ម្រេច និងបារីទេ
ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ
បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។
ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។
ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក
តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក
ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ
។
·
បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក
ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង
ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
· បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក
ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
·
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ
តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល
ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
·
បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត
បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
· បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ
គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
·
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី
ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា
ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់
និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
·
បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ
គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
· ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ
ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ,
បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា
នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
0 អនុសាសន៍:
Post a Comment